អំពីយើង
ប្រព័ន្ធបច្ចេកវិទ្យា E-Certificate គឺសម្រាប់គ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងការចេញវិញ្ញាបនបត្ររបស់ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត សាកលវិទ្យាល័យ សាលាវិជ្ជាជីវៈ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជា ជីវៈទេសចរណ៍ ដែលទទួលស្គាល់ដោយក្រសួងទេសចរណ៍។ ប្រព័ន្ធនេះមានមុខងារសំខាន់ៗដូចជា៖ ជួយសម្រួលដល់ការចេញវិញ្ញាបនបត្រជាច្រើនប្រភេទ ដូចជាដល់វគ្គបណ្តុះបណ្តាលដោយក្រសួងមន្ទីរទេសចរណ៍ ឬដោយសាលាវិជ្ជាជីវៈទេសចរណ៍ ដែលទទួលស្គាល់ពីក្រសួងទេសចរណ៍ ជួយដល់ការគ្រប់គ្រងការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ទាំងនេះតាមអនឡាញ បញ្ជាក់អត្ថសញ្ញាណ ជីវប្រវត្តិរបស់សិស្ស-និសិ្សត និងអ្នកចូលរួមវគ្គបណ្តុះបណ្តាល និងរក្សាទិន្នន័យ និងតាមដានជំនាញវិជ្ជាជីវៈរបស់សិស្ស-និសិ្សតជាដើម។
តាមរយៈប្រព័ន្ធ E-Certificate នេះនឹងផ្តល់ភាពងាយស្រួលដល់សាកលវិទ្យាល័យ គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសិស្ស-និសិ្សត ក្នុងការគ្រប់គ្រង និងរក្សាទុកទិន្នន័យ និងព័ត៌មានចាំបាច់នានា ដោយមិនភ័យព្រួយបាត់បង់ ឬការក្លែងបន្លំ។ ជារួមប្រព័ន្ធនេះគាំទ្រដល់យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ (២០១៨-២០២៥) ឆ្ពោះទៅសម្រេចបានគោលដៅ «បុគ្គលិកម្នាក់ជំនាញមួយ» ឱ្យបាននៅឆ្នាំ២០២៥ និងការសិក្សាពេញមួយជីវិត នៅឆ្នាំ២០៣០ សម្រាប់យុវជនកម្ពុជា នៅក្នុងវិស័យទេសចរណ៍។
គួរបញ្ជាក់ថា ទៅថ្ងៃអនាគតប្រព័ន្ធនេះ នឹងត្រូវក្លាយជាគំរូមួយដែលអាចផ្គូរផ្គងជាមួយប្រព័ន្ធស្នើសុំអាជ្ញាបណ្ណទេសចរណ៍ អនឡាញដោយស្វ័យប្រវត្តិ ដែលផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង និងផ្ដល់ឱកាសឱ្យយុវជនកម្ពុជា ដែលកំពុងបម្រើការងារ ក្នុងវិស័យទេសចរណ៍ អាចទទួលបានការលើកទឹកចិត្តពីម្ចាស់អាជីវកម្មទេសចរណ៍ ឱ្យទៅពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈ ឬក្នុងការហ្វឹកហាត់ការងារជាដើម។